ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរុយហ្គាយ ដែលអវត្តមានខ្សែប្រយុទ្ធឆ្នើម Luis Suarez បានចាញ់ក្រុមម៉ិកស៊ីកូ ៣-១ នៅចុងម៉ោង ក្នុងការប្រកួត Copa America Centenario វគ្គសន្សំពិន្ទុពូល C នៅអាមេរិកព្រឹកមិញនេះ។
ម៉ិកស៊ីកូ បាននាំមុខ ១-០ តាំងពីនាទីទី៤ បន្ទាប់ពីខ្សែការពារអ៊ុយរុយហ្គាយ Alvaro Pereira ធ្វើឲ្យចូលទីខ្លួនឯង។ ក្រោយមកក្រុមទាំង២ ទទួលបានកាតក្រហមម្នាក់១ដូចគ្នា ដោយ Matias Vecino របស់អ៊ុយរុយហ្គាយ ទទួលកាតក្រហមនៅនាទី៤៥ (លឿង២ដង) និង Jose Guardado របស់ម៉ិកស៊ីកូ ទទួលបានកាតក្រហម នៅនាទី៧៣។
Rafael Marquez ប្រធានក្រុមម៉ិកស៊ីកូ វ័យ៣៧ឆ្នាំ (អតីតកីឡាករ Barcelona)
ប្រធានក្រុម Diego Godin បានជួយឲ្យអ៊ុយរុយហ្គាយ តាមស្មើ ១-១ នៅនាទី៧៤ ប៉ុន្តែត្រូវអតីតខ្សែបម្រើក្រុម Barcelona វ័យ៣៧ឆ្នាំ Rafael Marquez ស៊ុតគ្រាប់ទី២ឲ្យម៉ិកស៊ីកូ នាំមុខ ២-១ នៅនាទី៨៥ មុនពេល Hector Herrera របស់ក្រុម FC Porto តែតគ្រាប់ទី៣ឲ្យម៉ិកស៊ីកូ នៅចុងម៉ោងនាទី៩០។
Luis Suarez ខ្សែប្រយុទ្ធឆ្នើមអ៊ុយរុយហ្គាយ (លេខ៩, កណ្តាល)
រីឯខ្សែប្រយុទ្ធឆ្នើមក្រុម Barcelona (Suarez) បានត្រឹមតែឈរមើលនៅកៅអីបម្រុងប៉ុណ្ណោះ ព្រោះចូលលេងមិនកើត ដោយសាររបួសសរសៃពួរ៕
Source: Sabay News